សមត្ថកិច្ចកំពុងស្រាវជ្រាវជនជាតិបាញ់គ្នា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រុមជនជាតិចិនជាច្រើននាក់ដែលប្រើប្រាស់រថយន្តទំនើប និងមានអង្គរក្ស បានកាន់អាវុធគ្រប់ដៃដេញបាញ់ប្រហារគ្នា បន្ទាប់ពីកើតមានជម្លោះឈ្លោះប្រកែកគ្នា។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ទី១១ ខែកញ្ញា នៅក្នុងហាងបាយមួយកន្លែង នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។
ករណីស្រដៀងគ្នានេះ ក៏បានកើតឡើងកាលពីខែកុម្ភៈ គឺមានជនជាតិចិនពីរក្រុមប្រើប្រាស់កាំភ្លើងអាកា (AK) ចំនួន២ដើម និងកាំភ្លើងខ្លីបាញ់បោះ នៅទល់មុខនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារតែជម្លោះពេលផឹកស៊ី។
កន្លងមក ក្រុមពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្សតែងតែជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការច្បាប់ឱ្យបានតឹងតែងលើក្រុមជនជាតិចិនទាំងនោះ។
ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត បានមើលឃើញថា កម្ពុជានៅតែប្រឈមវិបត្តិអសន្ដិសុខសង្គមធ្ងន់ធ្ងរបង្កើតឡើងពីក្រុមជនជាតិចិន ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវតែចាត់វិធានការឱ្យបានតឹងរឹង។
យើងមិនដឹងថា តើជនជាតិបរទេស (ចិន) មានសិទ្ធិប៉ុណ្ណាទេនៅក្នុងប្រទេសកម្ពុជា ដែលគាត់អាចប្រើប្រាស់កាំភ្លើងបាន។ ហើយយើងស្នើសុំដោយទទូច ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសកម្ពុជាយើង ឱ្យស្របទៅតាមនីតិរដ្ឋ ឱ្យស្របទៅតាមដែលយើងទៅកន្លែងណាក៏ឃើញដែរពាក្យស្លោក «សន្ដិភាពៗ»។ ធ្វើឱ្យសន្ដិភាពមែនទែន កុំឱ្យសន្ដិភាពតែពាក្យស្លោក ហើយប្រជាពលរដ្ឋរស់នៅមានបញ្ហាភ័យខ្លាច។
— លោក យី សុខសាន្ត
អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃឱ្យដឹងថា នៅរយៈពេល០៦ខែ ឆ្នាំ២០២៥ សមត្ថកិច្ចកម្ពុជាបានបណ្ដេញជនបរទេសជិត៥ពាន់នាក់ចេញពីកម្ពុជា ក្រោយបានរកឃើញថា ពួកគេប្រព្រឹត្តបទល្មើសលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ និងប្រព្រឹត្តបទល្មើសផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។